គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ទាក់ទិននឹងបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា

កាលបរិច្ឆេទ: ០៧ កក្កដា ២០២១ / សុខភាព

នៅក្នុងអត្ថបទចុះផ្សាយកាលពីខែវិច្ឆិកាឆ្នាំ២០១៩មុនមានវិបត្តិកូវីដ១៩ អង្គការទស្សនៈពិភពលោកបានគូសបញ្ជាក់ថា ចំនួនកុមារដែលជួបបញ្ហាកង្វះអាហារូបត្ថម្ភបានថយចុះក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការវិវត្តនៅមានភាពយឺតយ៉ាវមិនអាចទទួលយកបាននៅឡើយ និងនៅតែបន្តគំរាមកំហែងដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

នៅព្រះរាជាណាចក្រកម្ពុជា កុមារ៣២%មានការលូតលាស់យឺតយ៉ាវ ២៤%មានទម្ងន់មិនគ្រប់ស្តង់ដារ និង១០%មានបញ្ហាស្គមស្គាំង។ វាជាសញ្ញាបញ្ជាក់ពីអត្រាប្រេវ៉ាឡង់ខ្ពស់ទាក់ទិននឹងបញ្ហាកង្វះអាហារូបត្ថម្ភ និងឆ្លុះបញ្ចាំងពីវិសមភាពនៅកម្ពុជា ព្រោះថាកុមារដែលមានបញ្ហាលូតលាស់យឺតយ៉ាវភាគច្រើនជាកុមារដែលរស់នៅតាមជនបទពោលគឺមានចំនួនរហូតដល់៣៤% ខណៈពេលដែលនៅតាមទីក្រុងមានត្រឹម២៤%ប៉ុណ្ណោះ ហើយអត្រានេះមានកម្រិតទាបសម្រាប់កុមារដែលមានម្តាយជាអ្នករៀនសូត្រចេះដឹង។ កម្រិតនៃការលូតលាស់យឺតយ៉ាវនេះប្រែប្រួលខ្លាំងពីតំបន់មួយទៅតំបន់មួយ ពោលគឺប្រែប្រួលពី១៨%នៅទីក្រុងភ្នំពេញរហូតទៅដល់៤៤%នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ក្រៅពីកត្តាភូមិសាស្រ្តនេះ ក៏នៅមានកត្តាជីវភាពមួយទៀតដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិបត្តិកង្វះអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ៕